Tuesday, September 4, 2018


កម្រងរឿងពិត នៃប្រវត្តិសាស្ត្រ កម្ពុជាក្រោម ព្រឹត្តិការណ៍ ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦
ថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៨ ជាទិវាគម្រប់ខួបឆ្នាំទី ៤២នៃព្រឹត្តិកាណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែលពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង បានក្រោកឡើង ផ្តួលរំលំរដ្ឋាភិបាលបក្សកុម្មុនិស្តយួនដោយ រណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម ក្នុងគោលបំណងរំដោះ កម្ពុជាក្រោមពី អាណានិគមវៀតណាម ។ លទ្ធផលក្រោយពីព្រឹត្តិការណ៍នេះមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជាច្រើន អង្គ រូប ត្រូវបានរដ្ឋាភិបាលបក្ស

Tuesday, July 10, 2018






ទើបតែរកឃើញរូបពិតនិងរូបចម្លាក់,គាត់បីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម។ I have just found the real photo and her statue. She exiled from Cambodia to Thailand while Khmer rouge regime.
ដំណឹងពិតបានពីប្រិយមិត្ត៖

Friday, July 6, 2018



វេលាហួសហើយសល់តែអតីត
ហាក់មករួមរឹតចិត្តខ្ញុំម្តង
ដូចខ្សែចងឆ្វាក់ដាក់ជាចំណង
គិតរឿងកន្លងដែលឥតបានការ។

ឃើញកង់កញ្ចាស់វាដាស់អារម្មណ
វីវក់លាយឡំស្មុកក្នុងចិន្តា
អន្ទងនឹកគិតដល់ភ័ក្រជីវ៉ា
យើងពីកាយាធ្លាប់ជិះកាន់ដៃ។

អង្គុយចោងហោងតោងបើកបង្អួច
រងាព្រឺព្រួចលួចមើលចន្ទ្រថ្លៃ
តារាហែហមរួមពិសម័យ
វេហាឆ្ងាយក្រៃឆោងពុំដល់ឡើយ។

សុំផ្ញើចិត្តនឹកតាមភ្លើងរាត្រី
ភ្លឺជះចំស្រីប្រាប់ដល់ត្រាណត្រើយ
ថាបងនឹកណាស់ម្ចាស់ស្នេហ៍ពៅអើយ
តើថ្ងៃណាឡើយយើងជួបជាថ្មី។

អូរ អក្ខរា សៀមរាបថ្ងៃទី០៩មករាឆ្នាំ២០១

ជីវិតកើតមកចាស់ឈឺស្លាប់
ទោះបីមិនប្រាប់អ្នកគង់យល់
លោភលន់ពន់ពេកនាំអំពល់
ឫសគល់នៃទុក្ខកើតពីចិត្ត។

ចូរអ្នកខំសាងនូវក្តីល្អ
កេរឈ្មោះបវរអ្នកថេរឋិត
សន្តោសប្រណីក្តីអាណិត
ដោយការពេញ់ចិត្តមិនសាងបាប។

អូរ អក្ខរាសៀមរាបថ្ងៃទី១៥មករាឆ្នាំ២០១

ស្រែឬក្រុងមនុស្សដូចតែគ្នាតើ មែនទេពុកម៉ែបងប្អូន

កុំដៀលអ្នកស្រែ     បើអ្នកជាខ្មែរ
ស្រែក៏មានគុណ       បើសិនស្អប់ស្រែ
អ្នកច្បាស់ស៊យស៊ុន        អ្នកស្រែរែកពុន
បានស្រូវអង្ករ។

ខ្ញុំស្រែមែនពិត       តែខ្ញុំចេះគិត
ចេះធ្វើរឿងល្អ           មិនដូចអ្នកខ្លះ
ស៊ីស្រូវអង្ករ          ដៀលស្រែដល់ក
មាយាទអន់ណាស់។

បើដៀលអ្នកស្រែ       ពិតភ្លើយ៉ាប់កែ
ចង់ប្រែក្រឡាស់?       ធ្វើស្រូវក្នុងក្រុង
ខុសទម្លាប់ចាស់        ប្អូរប្រវត្តិសាស្ត្រ
មិនបានទេពៅ។

ទោះក្រុងឬស្រែ       យើងសុទ្ធតែខ្មែរ
ស្រឡាញ់គ្នាទៅ       ពឹងទៅពឹងមក
ឆ្ងាយជិតនិតនៅ      ដៀលនេះមិនត្រូវ
មិនសមទេអូន។

អូរ អក្ខរាសរថ្ងៃទី២៦មករា២០១៧


វាលស្រែធំធេងរៀមរែងអាល័យ
ក្រោមកំដៅថ្ងៃស្រមៃមាសស្ងួន
បេះដូងឌុកដាក់កន្ទ្រាក់អង្រួន
សួររកនឹងនួនបាត់ទៅណាហើយ?

បក្សីទាំងហ្វូងជួយអន្ទងហៅ 
រកស្រស់ឆោមឆ្លៅវិលវិញពៅអើយ
១៥កុម្ភះលាក់ទុក្ខឥតស្បើយ
បងចាំត្រាណត្រើយបំពេរស្នេហា

វាលស្រែធំៗនឹកណាស់ម៉ុមបង
នឹករឿងកន្លងបងនិងជីវ៉ា
នឹកគ្រប់វេលារាល់អនុស្សា
នឹកកែវនេត្រាធ្លាប់គយគន់គ្នា។

ស្រូវស្រែសន្លឹមបានត្រឹមសម្លឹង
រកស្រស់ព្រលឹងទាំងទ្រូងគ្រាំគ្រា
ស្រូវពណ៍បៃតងចងជាប់មេឃា
ឯខ្ញុំរងាឱបដៃរងចាំ។

(បញ្ជាក់៖រូបភាពនេះនៅភ្នំក្រោមខេត្តសៀមរាប មិនមែននៅ វាលស្រែ១០០ដែលនៅកំពតកំពូលដួងចិត្តទេ)

អូរ អក្ខរាសៀមរាបថ្ងៃទី១៥កុម្ភះ២០១៧
ខែវស្សាដល់ហើយរកដាក់ក្រង់គ្រាន់បានកង្កែបលក់ បានប្រាក់ចាយខ្លះ

ក្រង់ដើមឫស្សី          ដាក់នុយបូកដី              ដើម្បីធ្វើធ្នាក់
បោចស្មៅគ្របក្បែរ   ដល់ខែភ្លៀងធ្លាក់          កង្កែបគិតរាក់
                               ជាក់ច្បាស់ជាប់ទ្រុង។

ព្រលឹមស្រាងៗ        ក្រោកដាស់ក្មេងក្មាង     គោះខ្នើយទាញមុង
មិនបង្អង់យូរ           ដើរទទូរធុង                  ផ្គរលាន់ក្ដាំងក្ដុង
                              ទឹកលិចទ្រុងខ្ញុំ។

យើងដើរបណ្តើរ     ភ្លៀងធំគ្រាន់បើ           ឮសូរហ៊ីងយំ
ក្បែរកំពតព្រៃ           គ្មានភ័យឡើយម៉ុម      នៅក្រោមដើមក្ទម្ព
                               យំឆ្លើយឆ្លងគ្នា។

ពេលដែលទៅដល់   កង្កែបខ្វាយខ្វល់         រចល់ពុះពារ
កន្ត្រោងលោតបុក    សម្រុកជែងគ្នា            បែកខ្ចាយគង្គារ
                              ពាររកផ្លូវចេញ។

អូរ អក្ខរាសុខសាន្តថ្ងៃទី២៦ឧសភា២០១៧

Friday, April 27, 2018

អ្នកមានគុណ



រូបភាព ពីហ្វេសប៊ុក


ចង្កៀងប្រេងកាត  ទោះមិនល្អស្អាត
ភ្លឺចែងចាំងក្តី  វាជួយបំភ្លឺ
ខ្ញុំពេលរាត្រី  ក្បែរគុម្ពឫស្សី
ក្នុងខ្ទមធ្លុះធ្លាយ។



ចង្កៀងប្រេងកាត  ខ្ញុំខំសង្វាត

ប្រើមិនខ្ជះខ្ជាយ  លុយកាក់ពុកម៉ែ
បានមកមិនងាយ  ពេលដែលចាយវាយ
 គិតដល់អ្នករក។

ខ្ទមតូចកម្សត់  ឆ្លងភាពជូរចត់
មិនដែលហ៊ានថ្ងូរ  មករៀនឆ្ងាយស្រុក
ពុកម៉ែផ្តាច់ប្តូរ  ញើសឈាមលោកហូរ
មិនត្អូញត្អែឡើយ។

ខ្ទមតូចកម្សត់  បានចារចងកត់
ប្រវត្តិខ្ញុំហើយ  ខ្ញុំមានថ្ងៃនេះ 
ក៏មិនភ្លេចឡើយ  ពុកម៉ែជាត្រើយ
ជាក្បូនចម្លង។

ខ្ញុំលើកម្រាមដប់  ដៃពីរប្រសព្វ
សូមបួងសួងផ្សង  សូមអ្នកមានគុណ
សុខ ជា ឥតហ្មង  សែនសុខកន្លង
សុភមង្គល។

អូរ អក្ខរាសៀមរាបថ្ងៃទី១១សីហា២០១៧

ស្នេហ៍ឥតន័យ


ផ្លូវដែកស្ពានដែក  រទេះយន្តស្រែក
ជ្រែកអស់ប្រឹក្សា  រំលងដងស្ទឹង
សញ្ជឹងចិន្តា  រំពឹងអ្នកណា?
សង្សារលាហើយ។

អូនចាកចេញទៅ  ទុកឱ្យរៀមនៅ
សោកសៅឥតស្បើយ  បងនៅរងចាំ
ចាំស្រស់ត្រាណត្រើយ  ម្ចាស់ចិត្តបងអើយ
 សូមឆាប់វិលវៃ។

រយលានសន្យា  ដែលអូនវាចា
សុទ្ធតែគ្មានន័យ  គ្រាន់តែជាឡេះ
ទ្រូងប្រេះរីងរៃ  គ្រាំហឫទ័យ
អវីចីស្នេហា។ 

ខ្ញុំសូមលាហើយ  លាមិនវិលឡើយ
ស្នេហ៍គ្មានមេត្តា  លាស្នេហ៍ទុក្ខកម្ម
ប្រចាំចិន្តា  លាស្នេហ៍សាវា
សាងជីវិតថ្មី។

អូរ អក្ខរាសៀមរាបថ្ងៃទី១២សីហា២០១៧

លាហើយនួនល្អង



កសិករដូចបង  សូមលានួនល្អង
មិនហ៊ានប៉ងឡើយ  ឋានៈតូចទាប
ចង់ប្រៀបត្រាណត្រើយ  គ្មានសង្ឃឹមឡើយ
ឆ្ងាយដូចតារា។

មុខមាត់បុណ្យស័ក្តិ  មាសពេជ្រលុយកាក់
បងមិនដល់តា  អ្នកស្រែក្រក្រី
ជាប់ដីចម្ការ  ផ្កាយស៊ីតារា
ប្រហារទ្រូងខ្ញុំ។

អូនសម្រេចចិត្ត  ចូលខ្លួនទៅស្និទ្ធ
សូមសុខណាម៉ុម  ឡានសេរីថ្មី
វីឡាដីធំ  សូមឱ្យសុខុម
ផុតក្ដីហ្មងសៅ។

ជាតិនេះរូបបង  ឆារឿងកន្លង
ចោលក្នុងរណ្ដៅ  អតីតទុក្ខសោក
ជ្រកទុកក្រោមស្មៅ  ក្បែរម្លប់ស្រឡៅ
ជារៀងរហូត។

អូរ អក្ខរាសៀមរាបថ្ងៃទី២៣សីហា២០១៧

សម្រាប់អ្នកពុលផ្សិត



ថ្ងៃត្រង់ទំនេរ  ខំឆ្លៀតរិះរេ
រកកាប់ថ្នាំខ្មែរ  តាមដុបឈើព្រៃ
លៃរកនៅស្រែ  ដីកេរ្តិ័ឪម៉ែ
នាខែវស្សា។

មានថ្នាំកូនខ្ចី  គាស់កាប់ពីដី
ចេះចាំពីតា  មានឬសដើមស្លឹក
ស្ងោរផឹងផងណា  មានឆ្ពុងកាយា
ឱ្យសាច់ចាំស្អាត។ 

បើអ្នកពុលផ្សិត  នៅឆ្ងាយពេទ្យពិត
គិតខំសង្វាត  រកដើមបាតផ្ទិល
កាត់លាងឱ្យស្អាត  អង្ករផងបាទ
លាងយកទឹកល្អ។

ដុសដើមបាតផ្ទិល  ឱ្យសឹករិចរិល
និងទឹកអង្ករ  យកទទួលទាន
មានល្អក់កករ  ច្បាស់បានផលល្អ
មិនបង្ករទុក្ខ។

#ប្រភេទថ្នាំបុរាណខ្មែរបំបាត់ពុលផ្សិត

មាន២មុខ ដើមបាតផ្ទិល និងទឹកអង្ករ

របៀបធ្វើ យកដើមបាទផ្ទិលដុសជាមួយទឹអង្ករ ហូប (គ្មានឯកសារបញ្ជាក់ដូចDrទេ) តែមានអ្នកធ្វើបានផលល្អ រហ័ស 

សូមអរគុណ!

អូរ អក្ខរាសៀមរាបថ្ងៃទី២៩សីហា២០១៧

ខ្មែរពូជអ្នកល្បី



កុំអួតរឿងស្រី  កុំអួតផុតដី
កុំល្បីព្រោះស្រា  កុំសឿងចិត្តឯង
គ្មានក្រែងនរណា  កុំដាច់មេត្តា
និងជនក្រីក្រ។​

កុំមានមោទនៈ  ពេលផឹកកាប់់ចាក់
ថៃយួ​នត្រេកអរ  ព្រំរលុងខើច
កុំស្ញើចរូបល្អ  រូបកាយ​បវរ
ចិត្តបងប្អូនមារ។​

ខ្មែរពូជអ្នកល្បី  ស្នេហ៍ដែនបុរី
ក្រុងកម្ពុជា  យើងខ្មែរតែមួយ
ខំស្ទួយគ្នីគ្នា  យើងពូជអ្នកជា
កុលបុត្រអង្គរ។​

ពន្លកត្រួយថ្មី  លូតលាស់មកខ្ចី
ពូនដីគាំទ្រ  បោចស្មៅស្រោចទឹក
ល្ងាចព្រឹកបបូរ  ឱ្យងើបត្រង់ឈរ
មានដើមមានខ្លឹម។​

អូរ អក្ខរាសៀមរាបថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧
October 23, 2017

Thursday, April 26, 2018

រាត្រីនៅមាត់សមុទ្រ


"បទពាក្យ៨" ឬ"បទ៨ព្យាង្គ"?

I. ឱ! វាយោ បក់មក ប៉ះកាយា
ល្អម្ល៉េះណា ចិន្តា បងនឹកភ្នក
គន់រំពៃ រកន័យ សូររលក
បោលបោកមក ជ្រៀតជ្រក ផ្ទាំងសិលា។

ឱ!រាត្រី ភក្តី មាត់សមុទ្រ
ល្អបំផុត ស្រយុត សែងសូរិយា
ជួសដោយច័ន្ទ កំណាន់ អូរ អក្ខរា
លួចប្រាថ្នា ស្នេហា យូរហើយថ្លៃ។

មើល៍វេហា ចិន្តា សែនរំជួល
ចិត្តជ្រើមជ្រួល កំសួល នៃដួងចៃ
ដែលបំនង លួចប៉ង លើច័ន្ទថ្លៃ
នៅឆ្ងាយដៃ ចរណៃ ដឹងឬទេ?

IV. រលកអើយ ដឹងហើយ ជួងនាំសារ
ប្រាប់ជីវា រៀមរា ស្នេហ៍មាសមេ
ទោះជាតិមុខ ថែទុក មិនវៀចវេ
ស្ម័គ្របំពេរ មិនរេ ស្នេហ៍លុះក្ស័យ។

អូរ អក្ខរាសៀមរាបថ្ងៃទី០៦កញ្ញា២០១៧