Friday, July 6, 2018

ខែវស្សាដល់ហើយរកដាក់ក្រង់គ្រាន់បានកង្កែបលក់ បានប្រាក់ចាយខ្លះ

ក្រង់ដើមឫស្សី          ដាក់នុយបូកដី              ដើម្បីធ្វើធ្នាក់
បោចស្មៅគ្របក្បែរ   ដល់ខែភ្លៀងធ្លាក់          កង្កែបគិតរាក់
                               ជាក់ច្បាស់ជាប់ទ្រុង។

ព្រលឹមស្រាងៗ        ក្រោកដាស់ក្មេងក្មាង     គោះខ្នើយទាញមុង
មិនបង្អង់យូរ           ដើរទទូរធុង                  ផ្គរលាន់ក្ដាំងក្ដុង
                              ទឹកលិចទ្រុងខ្ញុំ។

យើងដើរបណ្តើរ     ភ្លៀងធំគ្រាន់បើ           ឮសូរហ៊ីងយំ
ក្បែរកំពតព្រៃ           គ្មានភ័យឡើយម៉ុម      នៅក្រោមដើមក្ទម្ព
                               យំឆ្លើយឆ្លងគ្នា។

ពេលដែលទៅដល់   កង្កែបខ្វាយខ្វល់         រចល់ពុះពារ
កន្ត្រោងលោតបុក    សម្រុកជែងគ្នា            បែកខ្ចាយគង្គារ
                              ពាររកផ្លូវចេញ។

អូរ អក្ខរាសុខសាន្តថ្ងៃទី២៦ឧសភា២០១៧

No comments:

Post a Comment