Wednesday, April 25, 2018

ប្រាសាទ​ព្រហ្ម​កិល


ប្រាសាទព្រហ្មកិល(ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ អតីត ឃុំចុងកាល់ ស្រុកសំរោងចុងកាល់ ខេត្តសៀមរាប)
រូបភាពខ្ញុំ និងក្រមុំទាំងបួន ថតនៅប្រាសាទព្រហ្មកិល 

រឿង ប្រាសាទ​ព្រហ្ម​កិល (ស្រុក ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ អតីត​ខេត្ត​សៀមរាប)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១២៩ – ១៣៦

នៅឃុំចុងកាល់ ស្រុកសំរោងចុងកាល់ ខេត្តសៀមរាប មានប្រាសាទបុរាណមួយប្រាសាទនោះ មានស្រះពីរនៅក្បែរខាង តួប្រាសាទកម្ពស់ប្រហែល ៥ ម,៥០ ទំហំប្រាសាទប្រហែល ១៥ ឬ ១៦ ម៉ែត្របួនជ្រុង ខាងក្នុងប្រាសាទ មានថ្មមួយផែនដូចជាបល្ល័ង្ក ។

ប្រាសាទនោះ ហៅថាប្រាសាទព្រហ្មកិល នៅខាងជើងស្ទឹងមួយ ចម្ងាយប្រហែលជា ១៥០ ម៉ែត្រ ចំពោះប្រាសាទថ្មដែលទៀបមាត់ស្ទឹងនេះ ចាស់បុរាណបានចងចាំរឿងព្រេងមួយដូចតទៅ :
មានសេចក្ដីដំណាលថា  កាលនោះ មានបុរសអ្នកដើររកផ្ដៅម្នាក់ បានដើររកផ្ដៅក្នុងព្រៃ ប្រទះឃើញដើមរកាខ្មៅ (?) មួយ យកមកធ្វើជាដំបងយ៉ាងមាំ ហើយល្អអស្ចារ្យ សន្មតហៅថា “ដំបងក្រញូង ” ។

ក្រោយពីបានដំបងនេះមកកាន់កាប់ថែរក្សា បុរសនោះក៏ក្លាយទៅជាអ្នកមានបារមីយ៉ាងសម្បើម ដោយសារឫទ្ធអំណាចដំបងរបស់គាត់នោះឯង ។ បុរសនេះដឹងថា ខ្លួនមានតេជះបារមីខ្លាំងពូកែដូច្នោះ ក៏កើតមានចិត្តលោភលន់ពន់ប្រមាណ ហ៊ានវាយដណ្ដើមយករាជសម្បត្តិអំពីព្រះបាទ ចក្រពត្តិ ដែលគ្រងរាជសម្បត្តិនៅរាជធានីអង្គរវត្ត ហើយសោយរាជ្យជាម្ចាស់ផែនដីប្រទេសខ្មែរ ជាតំណវង្សអំពីព្រះបាទ ចក្រពត្តិ នោះមក បានដាក់នាមព្រះអង្គថា “ព្រះបាទ ដំបងគ្រញូង ” ដោយយកតាមដំបងរបស់ព្រះអង្គ មកដាក់ដើម្បីរំលឹកដល់ជ័យជម្នះរបស់ទ្រង់ ។

លុះព្រះអង្គសោយរាជ្យសម្បត្តិបាន ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ, ក្នុងរាត្រីមួយ ព្រះអង្គបានទតឃើញផ្កាយមួយមានពន្លឺភ្លឺចិញ្ចែង មានឆត្ររួត ៣ ជាន់ រះឡើងជាក់ស្ដែងក្នុងវង់ព្រះច័ន្ទ ដែលកំពុងបញ្ចេញរស្មីភ្លឺចិញ្ចាច គ្របលើធម្មជាតិនានា ។ ព្រះបាទ ដំបងគ្រញូង ទតឃើញហេតុអស្ចារ្យដូចច្នេះហើយ នឹកពិភាល់ក្នុងព្រះចិន្ដា ក៏ហៅហោរាមកទស្សន៍ទាយមួយរំពេច។ ហោរា ក្រោយពីបានបើកក្បួនតម្រាមើលលក្ខណៈសព្វគ្រប់ទៅ ក៏បានទាយថា ” ហេតុអស្ចារ្យនេះ ជាបូព៌និមិត្តឲ្យដឹងថា “មានអ្នកមានបុណ្យមកចាប់បដិសន្ធិផ្ទៃស្ត្រីណាមួយ ក្នុងប្រទេសរបស់យើងនេះហើយ អ្នកមានបុណ្យនេះ ឧប្បត្តិឡើងនឹងបានគ្រងរាជនៅប្រទេសកម្ពុជា ” ។ ព្រះបាទដំបងគ្រញូង បានឮទំនាយនេះភ្លាម ក៏ទ្រង់ព្រួយព្រះហឫទ័យឥតឧបមា ទ្រង់ចាត់ឲ្យពួកសេនាមាត្រ ដើរកាប់សម្លាប់ស្ត្រីណា ដែលមានផ្ទៃពោះឲ្យអស់ ហើយឲ្យយកទៅដុតចោល កុំឲ្យមានសល់ ។ គ្រានោះស្រីស្នំ ព្រមទាំងស្រីជាច្រើន ដែលមានគភ៌ទាំងប៉ុន្មាន ត្រូវសេនាមាត្រសម្លាប់ ហើយយកទៅដុតចោលទាំងអស់ ។
អស្ចារ្យណាស់ ! ហេតុតែអ្នកមានបុណ្យមែន ពួកសេនាមាត្រ កំពុងដុតសាកសពស្ត្រីផ្ទៃពោះទាំងនោះ ហើយយកដែកសូលចាក់រុកស្ត្រីម្នាក់ ជាស្នំនៃព្រះបាទ ចក្រពត្តិ ដែលភ្លើងកំពុងឆេះ ក៏ធ្លាក់ទារកមួយពីក្នុងផ្ទៃមកលើភ្នក់ភ្លើង នាំឲ្យភ្លើងឆេះរលាកដៃជើងអស់ តែមិនទាន់ស្លាប់ ពួកអាមាត្យក៏យកទារកនោះទៅលាក់ទុកក្នុងគុម្ពផ្ដៅក្រែក ។ ពេលសាយណ្ហសម័យ លោកគ្រូចៅអធិការវត្តនិមន្តចេញទៅបង្សុកូល ចង្ក្រមភាវនាក្នុង រាជអាមាត្យក៏ប្រគេនទារកនោះមកលោក ឲ្យលោកយកទៅចិញ្ចឹម លោកក៏យកទារកទៅព្យាបាលដោយថ្នាំផ្សេងៗ លុះត្រាតែបានសះដំបៅដែលភ្លើងរលាកនោះ តែទារកនោះអវយវៈមិនល្អដូចដើមទេ ជាប់ដៃជើងខ្វិនខ្វង់ ។
លុះទារកមានវ័យវឌ្ឍនាការចម្រើនធំឡើង ក៏បានសិក្សារៀនសូត្រ អក្សរសាស្ត្រផ្សេងៗ ក្នុងសំណាក់លោកគ្រូចៅអធិការវត្តនោះ ។ ដើរទៅណាមកណា កុមារតែងកិលដោយគូថ ជាជំនួសដំណើរធម្មតា ។ ចាប់តាំងពីពេលនោះមក អ្នកខ្លះហៅគាត់ថា ” ព្រហ្មកិល ” ខ្លះហៅថា ” ពញាក្រែកៗ” ដោយគេសំគាល់តាមកំណើតដើមគាត់កិលផង ដែលគេរើសបានពីគុម្ពផ្ដៅក្រែកផង ។
ថ្ងៃមួយ ព្រះបាទដំបងគ្រញូង បានទតឃើញហេតុអស្ចារ្យមួយទៀត កើតឡើងកណ្ដាលរាត្រី គឺព្រះអង្គបានទតឃើញផ្កាយរះទន្ទឹមព្រះចន្ទ ហើយមានពន្លឺជះទៅលើព្រះចន្ទ ធ្វើឲ្យព្រះចន្ទអាប់រស្មីនាកណ្ដាលនភាល័យ ។ ព្រះរាជា ទ្រង់ឲ្យហោរាគន់គូរមើលបូព៌និមិត្តនោះម្ដងទៀត ។ ហោរាទាញក្ដារឈ្នួនវាយលេខគន់គូរមើលទៅឃើញទៀតថា “អ្នកមានបុណ្យនោះបានកើតឡើងហើយ មានឫទ្ធបារមីជាងព្រះអង្គទៅទៀត នៅតែ ៧ ថ្ងៃទៀតទេ អ្នកមានបុណ្យនោះ នឹងជិះសេះសហោះមកអំពីទិសឦសាន ហើយនឹងបានសោយរាជ្យសម្បត្តិក្នុងនគរនេះ ” ។ ស្ដេចដំបងគ្រញូង កាលទ្រង់ឮហោរទាយដូច្នេះ ក៏មានព្រះរាជឱង្ការតបថា ” ទេហោរ ! អញមិនឲ្យរាជ្យនេះទៅអ្នកណាទេ   អញត្រូវតែល្បងឫទ្ធស៊ូឲ្យអស់ដៃ-ជើង បើចាញ់គេ   ទើបអញប្រគល់រាជ្យនេះ ឲ្យ ” ។
រីឯប្រជារាស្ត្រ កាលបើឮដំណឹងថា ” អ្នកមានបុណ្យបានឧប្បត្តិឡើងហើយ នឹងជិះសេះសហោះមកក្នុងថ្ងៃទី ៧ ” ដូច្នេះ ក៏នាំគ្នាផ្អើលឈូឆរមីរដេរដាស ទៅមើលអ្នកមានបុណ្យ នៅឯព្រះរាជវាំងអង្គរវត្ត ។
ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ គេឃើញនាយព្រហ្មកិល ខំប្រវេប្រវាទៅថ្វាយបង្គំលាលោកគ្រូចៅអធិការ ជាបិតាចិញ្ចឹម ដើម្បីនឹងទៅមើលអ្នកមានបុណ្យ ជាមួយនឹងអ្នកស្រុកទាំងពួងដែរ ។ លោកគ្រូញញឹម ព្រមអនុញ្ញាត ហើយឲ្យពរសព្ទសាធុការថា ទៅចុះ ឲ្យបានសេចក្ដីសុខ-ចម្រើនគ្រប់ប្រការ ” ។
អ្នកផងទាំងពួងដែលគេដើរដោយជើងបាន គេចេះតែនាំគ្នាដើរលឿនទៅមុខបាត់អស់ទៅ ឯព្រហ្មកិល ខំកិលដោយគូថយ៉ាងអង់អាច តែទោះបីយ៉ាងណាក៏ធ្វើដំណើរមិនទាន់គេដែរ គាត់អស់កម្លាំងជាខ្លាំង ក៏ឈប់សម្រាកនៅក្រោមម្លប់ឈើមួយដើម នាព្រៃស្ងាត់កណ្ដាលផ្លូវ ។
ក្នុងខណៈនោះ មានតាចាស់ម្នាក់ ដឹកសេះសមួយនៅដៃ ស្ពាយកញ្ចប់បាយសំណុំ ទឹកបំពង់ និងបង្វេចសំលៀកបំពាក់ដើរតម្រង់ឆ្ពោះទៅរក ព្រហ្មកិល ហើយនិយាយផ្ញើសេះថា ” នែចៅ ! តាផ្ញើសេះនិងបង្វេចនេះផង តាមានធុរៈទៅក្នុងព្រៃមួយរំពេច ” ។ ព្រហ្មកិល ទទួលហើយនិយាយថា “ចុះឲ្យរក្សាសេះលោកតាដូចម្ដេចបាន បើខ្ញុំមានដៃ-ជើងខ្វិនខ្វង់ជាប់គ្នាដូច្នេះ ? ” ។ គាត់ឆ្លើយថា ” ចៅ!តាសុំចងខ្សែវាជាប់នឹងដៃចៅឯងតែម្ដង ” ។ ព្រហ្មកិល ទទួលព្រម ហើយតាក៏ចងខ្សែសេះនោះជាប់នឹងដៃស្ដាំ ព្រហ្មកិល ទៅ ។ លុះចងរួចស្រេច តាម្ចាស់សេះក៏ចូលព្រៃបាត់ទៅ សេះដើរព័ទ្ធជុំវិញ ព្រហ្មកិល ទៅមកៗ មួយសន្ទុះ ក៏ស្រែកកញ្ឆៀវកន្ត្រាក់ពេញទំហឹង ដៃ ព្រហ្មកិល ខាងស្ដាំក៏រលាលែងជាប់គ្នា ។ ព្រហ្មកិលក៏នឹកថា ” បើវារលាបែបនេះ អញគួរយកខ្សែនេះទៅចងដៃស្ដាំម្ខាងទៀត” គិតក៏ស្រាយពីដៃស្ដាំយកទៅចងដៃឆ្វេងទៀត ដៃនោះក៏រលាត្រង់ស្មើគ្នាទាំងពីរ ហើយព្រហ្មកិល យកទៅចងជើងៗ ទាំង ២ ក៏រលាដូចគ្នាទៀត ។ ពេលនោះ ព្រហ្មកិល នឹកឃ្លានបាយ នឹងទៅរកបាយបរិភោគពុំបាន ឃើញកញ្ចប់បាយដែលតាម្ចាស់សេះផ្ញើ ក៏ស្រាយមើលឃើញបាយនោះមានក្លិនឈ្ងុយឈ្ងប់ ទ្រាំអត់ឃ្លានពុំបាន ក៏យកមកបរិភោគទាល់តែឆ្អែត ។
ពេលនោះព្រហ្មកិលរង់ចាំមើលម្ចាស់សេះពុំឃើញ ក៏ស្រាយបង្វេចមើលឃើញសំលៀកបំពាក់ នឹងចង់លខោអាវដែលតាផ្ញើទុក តើបានសមនឹងរូបរាងអាត្មាអញយ៉ាងទៅ ព្រោះតាំងពីយូរមកពុំដែលបានស្លៀកពាក់ខោអាវល្អៗ ដល់ម្ដងណាសោះឡើយ ។ គិតហើយក៏យកខោអាវមកស្លៀកពាក់ លុះស្លៀកពាក់រួចហើយ គន់មើលខ្លួនប្រាណឃើញមានលំអយ៉ាងស្រស់ ក៏នឹកចង់ជិះលមើលទៀត ហើយទាញសេះមកបង្ខាំបង្ហៀរជិះ សេះក៏ព្រមដោយងាយ ដូចប្រាថ្នា ទើបតែនឹងលើកជើងគងបានម្ខាង សេះក៏ហោះរ៉េវទៅមួយរំពេច នៅត្រង់ព្រៃមួយ ដែលគេតែងហៅថា ” ព្រៃសម្រេច ” សព្វថ្ងៃនេះ ព្រោះព្រៃហ្នឹងហើយជាព្រៃដែល ព្រហ្មកិល សម្រេចការជិះសេះដូចបំណង ហើយសេះក៏ហោះឆ្វែលប្រាសាទអង្គរធំ ដែលជារាជធានី ព្រះបាទដំបងគ្រញូង ។ ចំណែកស្ដេចដំបងគ្រញូង ក៏នឹកក្រេវក្រោធយ៉ាងខ្លាំងថា “អាណាហ៊ានមកហោះលើប្រាសាទរបស់អញ ” ខ្ញាល់ណាស់ចាប់ទាញដំបងក្រញូងដែលមានឫទ្ធពូកែអស្ចារ្យ ចោលសំដៅទៅរកអ្នកមានបុណ្យ ព្រហ្មកិល តែមិនត្រូវ ដំបងក៏ហួសជ្រួសរហូតធ្លាក់បាត់នៅក្នុងព្រៃមួយ ដែលតមកខាងក្រោយ ព្រៃនោះ គេហៅថា ” ព្រៃបាត់ដំបង ” ហើយដែលក្រោយមកជាទីក្រុងយ៉ាងល្អមួយហៅថា ” បាត់ដំបង ” សព្វថ្ងៃនេះ ។ ស្ដេច ដំបងគ្រញូង ដឹងថាខ្លួនអស់ឫទ្ធអំណាច ដោយបាត់ដំបងពូកែរបស់ខ្លួនហើយ ក៏ភៀសខ្លួនទៅស្រុកលាវបាត់ទៅ។
ឯអ្នកមានបុណ្យ គឺព្រះអង្គម្ចាស់ ព្រហ្មកិល ក៏បានសោយរាជ្យឡើង ជាតំណពីព្រះបាទដំបងគ្រញូង ទ្រង់ដាក់នាមព្រះអង្គថា ” ព្រះបាទសិន្ធពអនុរាជ (ព្រហ្មកិល) ហើយក្នុងរាជ្យរបស់ព្រះអង្គ ទ្រង់បានកែប្រៃទង់ជាតិខ្មែរ ដាក់រូបសេះសនៅចំកណ្ដាល ដើម្បីតបឧបការគុណចំពោះសេះស ដែលព្រះអង្គបានសោយរាជ្យដោយសារនោះ និងជ័យជម្នះរបស់ទ្រង់ ក្នុងការដណ្ដើមយករាជ្យអំពីព្រះបាទ ដំបងគ្រញូង ជាអ្នកផ្សងព្រេងមានឫទ្ធម្នាក់ ដែលសោយរាជ្យតំណពីព្រះវរបិតារបស់ទ្រង់មក ។ ព្រះអង្គបានឲ្យសាងប្រាសាទ ១ ទុកជាអនុស្សាវរីយ៍ ត្រង់ទីដែលតាផ្ញើសេះនឹងព្រហ្មកិល ហើយដាក់ឈ្មោះថា ” ប្រាសាទព្រហ្មកិល ” ឈ្មោះនេះ នៅជាប់រហូតមកដល់សព្វថ្ងៃ គឺជាប្រាសាទតូចនៅជាប់ស្ទឹងដែលពោលមកពីខាងដើមនោះឯង ។

១- ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ៩៤.០០៧ រៀបរៀងដោយលោកគ្រូ ចាប-ចន្ទ វត្តក្ដីក្រៅ ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

២- ឯកសារខ្លះថា ព្រះឥន្ទនិម្មិតខ្លួនជាតាចាស់នេះ ។ ហើយថា សេះស បាយ ទឹក និងសំលៀកបំពាក់ទាំងនេះ សុទ្ធតែព្រះឥន្ទនិម្មិតទាំងអស់ ។
៣- ព្រះរាជពង្សាវតារ សិន្ធពអមរិន្ទ ។
អត្ថបទដោយ៖ ពុទ្ធសាសនបណ្ឌិត្យ
រូបភាពដោយ៖ អូរ អក្ខរា

No comments:

Post a Comment