សេចក្ដីអធិប្បាយ
«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»
ដើម្បីបង្កើតប្រទេសមួយបាន លុះត្រាតែមានទឹកដី ប្រជាជន វប្បធម៌នេះឯង បើសិនជា គ្មានមនុស្ស ក៏គ្មានវប្បធម៌ដែរ គេអាចនិយាយបានថាវប្បធម៌ជាអត្តសញ្ញាណសម្រាប់សម្គាល់ជាតិសាសន៍នីមួយៗ បើសង្គមមួយសុខចិត្តទទួលយកវប្បធម៌របស់អ្នកដទៃហើយ នោះនឹងធ្វើឲ្យជាតិសាសន៍ខ្លួនឈានទៅរកការបាត់បង់អត្តសញ្ញាណជាក់ជាមិនខាន។ សមដូចសុភាសិតមួយលើកឡើងថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
ដើម្បីឲ្យការបកស្រាយកាន់តែងាយស្រួយ ជាបឋមគួរគប្បីយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន «វប្បធម៌» «ជាតិ» «ពណ្ណរាយ» និង «ថ្កើងថ្កាន»។ «វប្បធម៌» សំដៅដល់ការសាបព្រោះបណ្ដុះវិជ្ជា វាកើតឡើងពីមនុស្ស ដូចជាទម្លាប់នៃការរស់នៅ ការស្លៀកពាក់ ការគោរពជំនឿ ការប្រើប្រាស់ភាសា និងផ្នត់គំនិតជាដើម ចំណែក «ជាតិ» មានន័យថា ជាតិសាសន៍ឬប្រទេសជាតិណាមួយ រីឯពាក្យ «ពណ្ណរាយ» បានន័យថា ដែលភ្លឺត្រចះ ឬដែលមានពន្លឺរស្មីរុងរឿងចាំងព្រោងព្រាយ ហើយពាក្យមួយទៀតគឺ «ថ្កើងថ្កាន» សំដៅដល់ ភាពខ្ពង់ខ្ពស់ ឧត្ដុង្គឧត្ដម។ សុភាសិតខាងលើចង់និយាយថា បើជាតិសាសន៍មួយបាត់បង់នូវវប្បធម៌ដែលជាព្រលឹងរបស់ខ្លួន ប្រាកដជារលាយដូចអំបិលត្រូវទឹក តែបើគេខំលើកតម្កើងនិងថែរក្សាវប្បធម៌ឲ្យបានរីកចម្រើនវិញ ជាតិសាសន៍នោះក៏កាន់តែមានគេស្គាល់ច្រើន និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយលើឆាកអន្តរជាតិទៀតផង និងមិនងាយរលាយសាបសូន្យឡើយ។
កាលណានិយាយដល់វប្បធម៌ គឺវាមានន័យទូលំទូលាយណាស់ ដែលក្ដោបលើចំណុចជាច្រើនដូចជា ការរស់នៅ ទំនៀមទម្លាប់ ជំនឿ ផ្នត់គំនិត សិល្បៈ ភាសា និងប្រវត្តិនៃការរីកចម្រើនរបស់ជាតិសាសន៍នោះជាដើម ហើយបើចំណុចទាំងនេះត្រូវបាត់បង់ ជាតិសាសន៍នោះក៏ជិតដាច់ពូជផងដែរ ហេតុដូច្នេះហើយទើបគេឃើញប្រទេសខ្លះខិតខំផ្សព្វផ្សាយវប្បធម៌របស់ខ្លួនទៅពាសពេញពិភពលោក។ ជាក់ស្ដែង ពួកបស្ចិមប្រទេសដូចជា អង់គ្លេស អាមេរិក ព័រទុយហ្គាល់ អេស្ប៉ាញ និងបារាំង សុទ្ធតែមានអារ្យធម៌ វប្បធម៌ ជឿនលឿន ដែលធ្វើឲ្យប្រទេសនានាយកតម្រាប់តាម។ តាមធម្មតា ទឹកហូរពីខ្ពស់ទៅទាប រីឯប្រទេសដែលមានវប្បធម៌ទាប តែងតែទទួលរងនូវឥទ្ធិពលនៃប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់។ នៅក្នុងចក្រភពអង្គរ ព្រះមហាក្សត្រខិតខំផ្សព្វផ្សាយអក្សរសាស្ត្រ បង្កើតសាកលវិទ្យាល័យ ការកសាងប្រកបដោយសិល្បៈ ហើយប្រជាជនរស់នៅដោយចេះសាមគ្គីគ្នា មិនត្រឹមតែប៉ុណ្ណោះព្រះបាទជ័យវរ្ម័នទីប្រាំពីរ មិនព្រមឲ្យជនជាតិចាមគ្រប់គ្រងអង្គរឡើយ ដោយទ្រង់បារម្ភខ្លាចវប្បធម៌ខ្មែរត្រូវរលាយ ហើយជនជាតិខ្មែរក៏ត្រូវសាបសូន្យដែរ ហេតុនេះហើយទើបទ្រង់លើកទ័ពដើម្បីបណ្ដេញពួកគេចេញពីទឹកដីយើង សូមបញ្ជាក់ថាគ្រានោះ ចក្រភពខ្មែរល្បីល្បាញអស្ចារ្យ ហើយវប្បធម៌ខ្មែរក៏លាតសន្ធឹងសឹងតែពេញអាស៊ីអាគ្នេយ៍ដីគោកទាំងមូល។ បន្ថែមពីនេះ បើគេសង្កេតមើលពិធីអាពាហ៍ពិពាហ៍នៅក្នុងសង្គមមុន គឺខុសពីបច្ចុប្បន្នច្រើនណាស់ ពីមុនដើម្បីរៀបការបាន គេត្រូវចំណាយពេលច្រើន តែសព្វថ្ងៃបានកាត់យកត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ក្រៅពីនេះ គេឃើញមានបញ្ចូលនូវពិធីកាត់នំខេក និងការបោះផ្កាទៀត ដោយឡែក កាលពីបុរាណ ខ្មែរយើងស្លៀកក្បិន ប៉ុន្តែក្រោយពីបារាំងចូលមក ខ្មែរយើងចេះស្លៀកខោអាវបែបអឺរ៉ុប ចេះប្រើគ្រឿងម៉ាស៊ីនដូចអឺរ៉ុបដែរ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺយើងចេះតែរក្សាប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់យើងកុំឲ្យបាត់បង់។ ជាការពិតណាស់ នៅក្នុងសម័យឧដុង្គ ប្រទេសអណ្ណាមឬយួនបានដាក់អាណានិគមលើប្រទេសខ្មែរ ហើយព្យាយាមលុបបំបាត់វប្បធម៌របស់ខ្មែរ ដោយបង្ខំឲ្យខ្មែរនិយាយតែភាសាយួន គោរពព្រះពុទ្ធសាសនាបែបមហាយាន និងស្លៀកពាក់អាវផាយតាមបែបយួនដែរ ពួកគេធ្វើបែបនេះដើម្បីឲ្យខ្មែរយើងភ្លេចវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្លួន ហើយក្នុងពេលអនាគតដ៏ខ្លីខាងមុខ ពួកវានឹងបំបាត់ជាតិសាសន៍ខ្មែរ ហើយលេបត្របាក់យកទឹកដីរបស់យើងតែម្ដង ប៉ុន្តែខ្មែរយើងមិនបាននៅស្ងៀមទេ ក៏នាំគ្នាបះបោរឡើង ហើយទាមទារនូវសិទ្ធិជាម្ចាស់ស្រុកវិញ រហូតរបូតចេញពីក្រញាំបិសាចយួន។ ជាក់ស្ដែង នៅក្នុងសម័យឧដុង្គដដែល ព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌របស់ជាតិខ្មែរ កូនប្រុសត្រូវទៅបួសរៀនក្នុងដើម្បីរៀនសូត្រភាសាជាតិជាដើម។ ហេតុនេះទើបគេឃើញថា នៅសម័យនោះពោរពេញទៅដោយអ្នកប្រាជ្ញកវីគ្រប់ទិសទី ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ខ្មែរយើងមិនភ្លេចវប្បធម៌ជាតិខ្លួនឡើយ។ យ៉ាងណាមិញ ទោះបីខ្មែររស់នៅប្រទេសណាក៏ដោយ ក៏ខ្មែរនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណរបស់ខ្លួនជានិច្ច មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរនៅអឺរ៉ុប ឫខ្មែរនៅឯណាទេ ក៏នៅតែនិយាយនិងរៀនភាសាខ្មែរ ហើយពួកគេក៏រក្សានូវប្រពៃណីរបស់ខ្លួនដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ បុណ្យកឋិន ការស្លៀកពាក់ហូលផាមួងជាដើម ទង្វើទាំងនេះហើយទើបគេស្គាល់ខ្មែរ ហើយខ្មែរនៅតែជាខ្មែរ គ្មាននរណាអាចបំបាត់ពូជសាសន៍ខ្មែរបានឡើយ ដោយសារតែវប្បធម៌ខ្មែរនៅរស់នេះឯង។
រហូតមកទល់សព្វថ្ងៃនេះ ភាសាខ្មែរត្រូវបានប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ហើយគោរពព្រះពុទ្ធសាសនាបែបហីនយាន និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងចរិយាធម៌ល្អប្រពៃទៀតផង ព្រមទាំងមានអ្នកប្រាជ្ញជាច្រើនខិតខំបង្កើតពាក្យថ្មីៗដើម្បីបម្រើបម្រាស់ពាក្យខ្មែរឲ្យបានកាន់តែទូលំទូលាយជាងមុន ប៉ុន្តែបើយើងស្អប់ភាសាខ្លួនឯង និយមតែភាសាបរទេស នោះតម្លៃជាតិខ្លួនឯងក៏នឹងបាត់បង់ផងដែរ។ ជាក់ស្ដែងនៅក្នុងអក្សរសិល្ប៍ខ្មែរខ្លះ អ្នកនិពន្ធបានបញ្ចូលនូវទស្សនៈនិងបណ្ដុះមនសិការស្នេហាជាតិ ដើម្បីឲ្យអ្នកអានអ្នកសិក្សាជំនាន់ក្រោយចេះស្រឡាញ់ការពារទឹកដីមាតុភូមិរបស់ខ្លួន ដូចជារឿងគូលីកំណែន ជាដើម តួអង្គ លឹម នូ ដូង អ្នកគ្រូ គូ រស់ សុទ្ធតែជាតួអង្គតំណាងឲ្យអ្នកស្នេហាជាតិស្មោះត្រង់និងដើម្បីការពារអត្តសញ្ញាណរបស់ខ្លួន ហ៊ានប្រឆាំងនឹងបារាំងជប៉ុនដែលជាចក្រពត្តិមហាអំណាចឈ្លានពានលើប្រទេសតូចតាច។ បន្ថែមពីនេះ នៅក្នុងរឿងមាលាដួងចិត្ត តួអង្គទីឃាវុធ សុខចិត្តលះបង់ស្នេហាចោល ដើម្បីជាតិ គឺយកទឹកដីជាតិសាសន៍ខ្លួនជាធំ គេបានសច្ចាថា បើសៀមមិនប្រគល់ខេត្តបាត់ដំបង និងខេត្តមួយចំនួនទៀតមកឲ្យខ្មែរវិញទេ គេប្រាកដជាមិនស្រឡាញ់នាងចន្ទមណីឡើយ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា តួអង្គនេះឲ្យតម្លៃលើជាតិសាសន៍ខ្លួន ហើយក៏ជាការស្ដារនូវវប្បធម៌ជាតិខ្មែរផងដែរ។ ក្រៅពីនេះ ទោះបីអក្សរសិល្ប៍ខ្លះមិនបាននិយាយដល់មនសិការស្នេហាជាតិក្ដី ប៉ុន្តែក៏មានបញ្ចូលនូវលក្ខណៈនៃវប្បធម៌ខ្មែរផងដែរ ដូចជារឿងកុលាបប៉ៃលិនជាដើម លោក ញ៉ុក ថែម បានឲ្យតួអង្គចៅចិត្រ គោរពដល់នារី និងចេះគោរពចាស់ទុំ ចំណុចទាំងនេះអ្នកនិពន្ធមិនបានបំភ្លេចចោលឡើយ។ យ៉ាងណាមិញ ក្នុងរឿងផ្កាស្រពោន បានបង្ហាញពីផ្នត់គំនិតខ្មែរដែលស្រឡាញ់នារីដែលមានចរិតស្លូតបូតសុភាពរាបសារ ឬអាចហៅថានារីគ្រប់លក្ខណ៍ ជាក់ស្ដែងដូចជាតួអង្គនាង វិធាវី ជាដើម ហើយក្នុងរឿងនោះទៀតសោតបានបង្ហាញពីជីវភាពប្រជាជន និងគោរពសាសនាព្រះពុទ្ធ និងជំនឿរបស់ខ្មែរផងដែរ។ អ្វីដែលបានរៀបរាប់ក្នុងចំណុចទាំងនេះសុទ្ធសឹងតែឆ្លុះបញ្ចាំងនូវការរក្សានូវវប្បធម៌របស់ជាតិខ្លួន ទោះបីជាតាមរយៈអក្សរសិល្ប៍ក្ដី ក៏អាចផ្សព្វផ្សាយបានផងដែរ។
សរុបមក ឃើញថាគ្រប់ជាតិសាសន៍តែងតែខិតខំថែរក្សាការពារវប្បធម៌របស់គេមិនឲ្យសាបសូន្យឡើយ ហើយពួកគេសុខចិត្តពលីជីវិតដើម្បីបណ្ដេញខ្មាំងឈ្លានពាន ដើម្បីឲ្យកុលបុត្រកុលធីតាជំនាន់ក្រោយបានស្គាល់វប្បធម៌ជាតិខ្លួន ជាក់ស្ដែង ព្រះបាទជ័យវរ្ម័ន ជាដើម ចំណែកឯប្រទេសអឺរ៉ុបគេខំផ្សព្វផ្សាយវប្បធម៌របស់គេជាខ្លាំង លើសពីនេះទៅទៀត នៅក្នុងអក្សរសិល្ប៍រឿង គូលីកំណែននិងរឿងមាលាដួងចិត្ត សុទ្ធសឹងតែបណ្ដុះឲ្យកូនខ្មែរស្រឡាញ់ជាតិនិងវប្បធម៌របស់ខ្លួន ហើយអក្សរសិល្ប៍ខ្លះទៀតក៏បានជួយផ្សព្វផ្សាយវប្បធម៌ខ្លួនដែលបង្កប់នៅខាងក្នុងសាច់រឿងនោះទៀតផង។
យោងតាមការបកស្រាយខាងលើ សុភាសិតនេះពិតជាមានតម្លៃយ៉ាងមហាសាល ដោយមិនអាចកាត់ថ្លៃបាន ក្នុងការបណ្ដុះឲ្យកូនខ្មែរយល់ពីតម្លៃវប្បធម៌ និងឲ្យចេះថែរក្សា និងការពារឲ្យបានគង់វង្សទៅគ្រប់ជំនាន់។ ក្នុងនាមជាយុវជនជាទំពាំងស្នងឫស្សី គួរគប្បីខិតខំស្វ័យសិក្សាបន្ថែមពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់មិនឲ្យអ្វីដែលជារបស់ខ្លួនត្រូវបាត់បង់ ហើយត្រូវចងចាំនូវសុភាសិត «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ក្នុងចិត្តជានិច្ច កុំបីធ្វេសប្រហែសឡើយ។
អត្ថបទដោយ រស់ វាសនា
តំណភ្ជាប់៖ http://khmer-lit.blogspot.com/2017/04/blog-post_22.htmlhttp://khmer-lit.blogspot.com/2017/04/blog-post_22.html
No comments:
Post a Comment