Friday, April 27, 2018

អ្នកមានគុណ



រូបភាព ពីហ្វេសប៊ុក


ចង្កៀងប្រេងកាត  ទោះមិនល្អស្អាត
ភ្លឺចែងចាំងក្តី  វាជួយបំភ្លឺ
ខ្ញុំពេលរាត្រី  ក្បែរគុម្ពឫស្សី
ក្នុងខ្ទមធ្លុះធ្លាយ។



ចង្កៀងប្រេងកាត  ខ្ញុំខំសង្វាត

ប្រើមិនខ្ជះខ្ជាយ  លុយកាក់ពុកម៉ែ
បានមកមិនងាយ  ពេលដែលចាយវាយ
 គិតដល់អ្នករក។

ខ្ទមតូចកម្សត់  ឆ្លងភាពជូរចត់
មិនដែលហ៊ានថ្ងូរ  មករៀនឆ្ងាយស្រុក
ពុកម៉ែផ្តាច់ប្តូរ  ញើសឈាមលោកហូរ
មិនត្អូញត្អែឡើយ។

ខ្ទមតូចកម្សត់  បានចារចងកត់
ប្រវត្តិខ្ញុំហើយ  ខ្ញុំមានថ្ងៃនេះ 
ក៏មិនភ្លេចឡើយ  ពុកម៉ែជាត្រើយ
ជាក្បូនចម្លង។

ខ្ញុំលើកម្រាមដប់  ដៃពីរប្រសព្វ
សូមបួងសួងផ្សង  សូមអ្នកមានគុណ
សុខ ជា ឥតហ្មង  សែនសុខកន្លង
សុភមង្គល។

អូរ អក្ខរាសៀមរាបថ្ងៃទី១១សីហា២០១៧

ស្នេហ៍ឥតន័យ


ផ្លូវដែកស្ពានដែក  រទេះយន្តស្រែក
ជ្រែកអស់ប្រឹក្សា  រំលងដងស្ទឹង
សញ្ជឹងចិន្តា  រំពឹងអ្នកណា?
សង្សារលាហើយ។

អូនចាកចេញទៅ  ទុកឱ្យរៀមនៅ
សោកសៅឥតស្បើយ  បងនៅរងចាំ
ចាំស្រស់ត្រាណត្រើយ  ម្ចាស់ចិត្តបងអើយ
 សូមឆាប់វិលវៃ។

រយលានសន្យា  ដែលអូនវាចា
សុទ្ធតែគ្មានន័យ  គ្រាន់តែជាឡេះ
ទ្រូងប្រេះរីងរៃ  គ្រាំហឫទ័យ
អវីចីស្នេហា។ 

ខ្ញុំសូមលាហើយ  លាមិនវិលឡើយ
ស្នេហ៍គ្មានមេត្តា  លាស្នេហ៍ទុក្ខកម្ម
ប្រចាំចិន្តា  លាស្នេហ៍សាវា
សាងជីវិតថ្មី។

អូរ អក្ខរាសៀមរាបថ្ងៃទី១២សីហា២០១៧

លាហើយនួនល្អង



កសិករដូចបង  សូមលានួនល្អង
មិនហ៊ានប៉ងឡើយ  ឋានៈតូចទាប
ចង់ប្រៀបត្រាណត្រើយ  គ្មានសង្ឃឹមឡើយ
ឆ្ងាយដូចតារា។

មុខមាត់បុណ្យស័ក្តិ  មាសពេជ្រលុយកាក់
បងមិនដល់តា  អ្នកស្រែក្រក្រី
ជាប់ដីចម្ការ  ផ្កាយស៊ីតារា
ប្រហារទ្រូងខ្ញុំ។

អូនសម្រេចចិត្ត  ចូលខ្លួនទៅស្និទ្ធ
សូមសុខណាម៉ុម  ឡានសេរីថ្មី
វីឡាដីធំ  សូមឱ្យសុខុម
ផុតក្ដីហ្មងសៅ។

ជាតិនេះរូបបង  ឆារឿងកន្លង
ចោលក្នុងរណ្ដៅ  អតីតទុក្ខសោក
ជ្រកទុកក្រោមស្មៅ  ក្បែរម្លប់ស្រឡៅ
ជារៀងរហូត។

អូរ អក្ខរាសៀមរាបថ្ងៃទី២៣សីហា២០១៧

សម្រាប់អ្នកពុលផ្សិត



ថ្ងៃត្រង់ទំនេរ  ខំឆ្លៀតរិះរេ
រកកាប់ថ្នាំខ្មែរ  តាមដុបឈើព្រៃ
លៃរកនៅស្រែ  ដីកេរ្តិ័ឪម៉ែ
នាខែវស្សា។

មានថ្នាំកូនខ្ចី  គាស់កាប់ពីដី
ចេះចាំពីតា  មានឬសដើមស្លឹក
ស្ងោរផឹងផងណា  មានឆ្ពុងកាយា
ឱ្យសាច់ចាំស្អាត។ 

បើអ្នកពុលផ្សិត  នៅឆ្ងាយពេទ្យពិត
គិតខំសង្វាត  រកដើមបាតផ្ទិល
កាត់លាងឱ្យស្អាត  អង្ករផងបាទ
លាងយកទឹកល្អ។

ដុសដើមបាតផ្ទិល  ឱ្យសឹករិចរិល
និងទឹកអង្ករ  យកទទួលទាន
មានល្អក់កករ  ច្បាស់បានផលល្អ
មិនបង្ករទុក្ខ។

#ប្រភេទថ្នាំបុរាណខ្មែរបំបាត់ពុលផ្សិត

មាន២មុខ ដើមបាតផ្ទិល និងទឹកអង្ករ

របៀបធ្វើ យកដើមបាទផ្ទិលដុសជាមួយទឹអង្ករ ហូប (គ្មានឯកសារបញ្ជាក់ដូចDrទេ) តែមានអ្នកធ្វើបានផលល្អ រហ័ស 

សូមអរគុណ!

អូរ អក្ខរាសៀមរាបថ្ងៃទី២៩សីហា២០១៧

ខ្មែរពូជអ្នកល្បី



កុំអួតរឿងស្រី  កុំអួតផុតដី
កុំល្បីព្រោះស្រា  កុំសឿងចិត្តឯង
គ្មានក្រែងនរណា  កុំដាច់មេត្តា
និងជនក្រីក្រ។​

កុំមានមោទនៈ  ពេលផឹកកាប់់ចាក់
ថៃយួ​នត្រេកអរ  ព្រំរលុងខើច
កុំស្ញើចរូបល្អ  រូបកាយ​បវរ
ចិត្តបងប្អូនមារ។​

ខ្មែរពូជអ្នកល្បី  ស្នេហ៍ដែនបុរី
ក្រុងកម្ពុជា  យើងខ្មែរតែមួយ
ខំស្ទួយគ្នីគ្នា  យើងពូជអ្នកជា
កុលបុត្រអង្គរ។​

ពន្លកត្រួយថ្មី  លូតលាស់មកខ្ចី
ពូនដីគាំទ្រ  បោចស្មៅស្រោចទឹក
ល្ងាចព្រឹកបបូរ  ឱ្យងើបត្រង់ឈរ
មានដើមមានខ្លឹម។​

អូរ អក្ខរាសៀមរាបថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧
October 23, 2017

Thursday, April 26, 2018

រាត្រីនៅមាត់សមុទ្រ


"បទពាក្យ៨" ឬ"បទ៨ព្យាង្គ"?

I. ឱ! វាយោ បក់មក ប៉ះកាយា
ល្អម្ល៉េះណា ចិន្តា បងនឹកភ្នក
គន់រំពៃ រកន័យ សូររលក
បោលបោកមក ជ្រៀតជ្រក ផ្ទាំងសិលា។

ឱ!រាត្រី ភក្តី មាត់សមុទ្រ
ល្អបំផុត ស្រយុត សែងសូរិយា
ជួសដោយច័ន្ទ កំណាន់ អូរ អក្ខរា
លួចប្រាថ្នា ស្នេហា យូរហើយថ្លៃ។

មើល៍វេហា ចិន្តា សែនរំជួល
ចិត្តជ្រើមជ្រួល កំសួល នៃដួងចៃ
ដែលបំនង លួចប៉ង លើច័ន្ទថ្លៃ
នៅឆ្ងាយដៃ ចរណៃ ដឹងឬទេ?

IV. រលកអើយ ដឹងហើយ ជួងនាំសារ
ប្រាប់ជីវា រៀមរា ស្នេហ៍មាសមេ
ទោះជាតិមុខ ថែទុក មិនវៀចវេ
ស្ម័គ្របំពេរ មិនរេ ស្នេហ៍លុះក្ស័យ។

អូរ អក្ខរាសៀមរាបថ្ងៃទី០៦កញ្ញា២០១៧

ប្រវត្ដិខ្លះៗអំពីប្រាសាទនាគព័ន្ធ



ឱ! នាគព័ន្ធអើយ...!



នាគព័ន្ធមានឫទ្ធពិតមានន័យ

សាងសង់លកលៃប្រពៃក្រៃ
រូបនាគព័ន្ធពេនទាំងយប់ថ្ងៃ
ឃើញហើយអាល័យសម័យដើម។

នាគព័ន្ធមានឫទ្ធ និត្យគង្គា
វង់ដូចចន្ទ្រា ទឹកផ្សាំផ្សើម
ព្យាបាលឈឺថ្កាត់ តដង្ហើម
ធាតុបួនផ្ដួចផ្ដើម ប្រោសសព្វសត្វ។

ឥលូវនាគព័ន្ធម្ដេចស្ងប់ស្ងៀ
ឬទុក្ខក្រំក្រៀម បានជាស្ងាត់
រុក្ខាលែងរេយោលផាយផាត់
រីបក្សាសត្វ ក៏លេងបំពេរ។

ឳ! នាគព័ន្ធអើយ សូមអ្នកស្ដី
អង្គរបុរី ទឹកដី កេរ
ខ្មែរសាងប្រាសាទពីបុព្វេ
អ្នកកុំទាន់រេ ប្រែឯកា។

អូរអក្ខរាសៀមរាប២៥កញ្ញា២០១៧

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។

ខ្លះៗអំពីប្រាសាទក្រោលគោ



សែនស្រណោះ ស្ងាត់អស់ អ្នកទេសចរ
លែងអ៊ូអរ ប្រាង្គថ្ម ស្ងាត់ជ្រងំ
បាក់បែកប្រេះ រលេះ ដួលរលំ
ឮសត្វយំ ទ្រូងខ្ញុំ សែនសង្វេគ។

អនិច្ចា ព្រឹក្សា រុំប្រាសាទ
ធ្លាប់ស្អាងស្អាត សង្វាត ក្បាច់អនេក
ទីរម្យនា កាលគ្រា នោះល្អប្លែក
ឥលូវបែក ចែកគ្នា ជាទីទៃ។

ឳ!សម្រស់ ប្រែអស់ ខុសអតីត
ត្រូវរួមរឹត នែបនិត្យ ធូលីព្រៃ
គ្មានអ្នកថែ កាន់ស្លែ ហាក់គ្មានន័យ
គិតមមៃ លកលៃ ទៅខ្លោចចិត្ត។

ជញ្ចាំងថ្ម លម្អ ដោយក្បាច់ក្បូរ
មានដេកឈរ ឆ្លាក់មក សែនប្រណីត
ទឹកដៃខ្មែរ ដែលសាង ល្អពេកពិត
សូមអស់មិត្ត ឆ្ងាយជិត ជួយរក្សា។

អូរ អក្ខរាសៀមរាបថ្ងៃទី២៦កញ្ញា២០១៧

#ប្រាសាទក្រោលគោ​គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ​ដែលត្រូវបានកសាងឡើងនៅ​ចុងសតវត្សទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិត​នៅលើលាន​រាងកាកបាទ​ និង មានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀមដែលមាន​គោបុរៈនៅទិសខាងកើត និង មានគូទឹកព័ទ្ធជុំវិញ។

មោទនៈភាពអង្គរ




សោភ័ណទេសភាព​សៀមរាបល្អ
ប្រាង្គប្រាសាទថ្មបវរក្រៃ
កេរកាលដូនតាសែនថ្លាថ្លៃ
ខ្មែរមានស្នាដៃ​ដ៏វិចិត្រ។​

ខ្ញុំមានវាសនា​កើតលើដី
ដែនខ្មែរបុរីក្រុងប្រណិត
បេះដូងមួយនេះលង់ស្នេហ៍ស្និទ្ធ
អង្គរល្អពិតនិត្យមិនណាយ។​

ភ្ងៀវគ្រប់ទិសទីមកទស្សនា
ប្រាសាទសិលា​ឥតខ្វល់ខ្វាយ
ជំនោរធម្មជាតិ​ត្រជាក់កាយ
រីករាយក្អាកក្អាយឥតមានហ្មង។

ក្រមា​បង់កលម្អឆោម
សំយុងចុះក្រោមយោលជាយផង
ខ្លះក៏ជួតក្បាលតាមបំណង
ទទូរត្រសងឥតទាស់អី។​

គង្គាថ្លាយង់ចាំងឆ្លុះប្រាង្គ
សម្អិតសម្អាងគាប់ហឫទ័យ
ឃើញខ្ពស់ត្រដែតនភាល័យ
បិទភ្នែកមមៃ​មិនចង់ឃ្លាត។​

អូរ អក្ខរាសៀមរាបថ្ងៃទី១៥តុលា២០១៧

ផ្កាច្រាច់


ដើមស្គន់


ចម្រៀង ៖ ចិត្តដាច់ ម្ល៉េះម៉ុម

រូបភាព អូរ អក្ខរា


I. រំហើយរដូវស្រូវទុំពេញស្រែ

ជំនោរដើមខែស្នេហ៍គ្មានចម្លើ
បងខំស្រែកហៅមិនឮពៅឆ្លើយ
ឬអូនភ្លេចហើយខ្ទមស្រែកម្សត់?

II.បងរងចាំម៉ុមទាំងគ្រាំចិន្តា
ចុកចាប់ខ្លោចផ្សាជួបស្នេហ៍ជូរចត់
ភ្លេចហើយឬអ្វីពាក្យស្រីស្បែស្បថ
បងចាំបងកត់ទុកក្នុងបេះដូង។

R.សម្លឹងវេហាបក្សាស្លាបដែក
ថ្ងៃនេះថ្ងៃស្អែកប្លែកពីដំបូង
ឃើញតែបក្សីបាត់ស្រីទងវង
ឱ្យបងរាប់រងឈឺចាប់ម្នាក់ឯង។

III.ដឹងហើយឬនៅ ម្អម រំចង់ ច្រាច់
គឺនាងចិត្តដាច់ហោះរេដូចខ្លែ
ទៅរកគូថ្មីឆ្ងាយដាច់សង្វែង
ឱ្យខ្ញុំចម្បែងគេងឱបទុក្ខា។

អូរ អក្ខរាសៀមរាបថ្ងៃទី៣០តុលា២០១៧

អ្នកណាចង់ហូបអំបុក ខ្ញុំបុកឱ្យ



អ្នកណាចង់ហូបអំបុក ខ្ញុំបុកឱ្យ


អំបុកស្រូវថ្មីស្រីថាចង់ញ៉ា
ពៅបានផ្តែផ្តាំឱ្យបុកចាំស្ងួន
ឈើ​ឆ្កៀលចូកគាស់ញ័រអស់ទាំងខ្លួន
ដើម្បី​នឹងនួនស៊ូពុំត្អូញត្អែ។​

ថ្ងៃព្រហស្បត្ដិ៍ ៦រោច ខែកក្ដិក ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
អូរ អក្ខរា ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៧

កសិករជាប់ស្នេហ៍




ឆ្លេឆ្លាវីវក់បែកភក់បែកដី

ភ្ជួរដាស់ថ្នាលថ្មីគ្មានប្រណីឡើយ
ស្វាហាប់ដើមដៃមិននៅកន្តើយ
រូតធ្វើឱ្យហើយឆាប់ជួបមាសម៉ុម។​

ដីភក់ដីល្បាប់ឆាប់ត្រឡប់ទៅ
សូមកុំគាំងនៅពៅនាងចាំខ្ញុំ
ឌុបទៅដើរលេងប្រាសាទវង់ធំ
មកវិញឡើងភ្នំបាខែងមើលថ្ងៃ។​

អូរ អក្ខរាសៀមរាបថ្ងៃទី១២វិច្ឆិកា២០១៧

ចម្រៀង ៖ បងក្រមែនពិត តែចិត្តស្មោះស្នេហ៍



I.អូននៅទីណា...ជីវ៉ាបងអើយ...

បងចាស់ម្លឹងហើយ ម្តេចស្ងួនលាក់កាយ
ថ្លៃនៅស្រុកខ្មែរ ឬឆ្លងដែនឆ្ងាយ
ដឹងទេថាបងខ្វល់ខ្វាយ ព្រោះគ្មានគូគាប់។​

II.មើលនាយសមុទ្រ...ឆ្ងាយផុតASEA...
ទ្រូងរៀមកំព្រា ស្នេហាអភ័ព្វ
បានត្រឹមស្រមៃ យប់ថ្ងៃរៀបរាប់
ឬបងខ្វះទ្រព្យ ទើបអូនសម្ងំ។​

R.បងក្រមែនពិត តែចិត្តស្មោះស្នេហ៍
គ្មានថ្ងៃប្រួលប្រែ ពីរូបមាសម៉ុម
ព្រឹក្សាខៀវខ្ចី បក្សីលាយឡំ
នៅលើខ្នងភ្នំ ព្រំដែនស្នេហា។​

III.ពេលនេះសូម្បីសូរសែងទិនក
ក៏លែងកំដររូបប្រុសរៀមរ៉ា
ផ្លាស់វេនបំភ្លឺងឆ្លងដែនសីម
លាដីខេមរាគ្មានក្តីស្រណោះ។​

អូរ អក្ខរាសរ, ថ្ងៃព្រហស្បតិ៍្ត ១១រោច ខែមិគសិរ ព.ស២៥៦១

ស្រឡាញ់ៗ


ផ្លូវឡើងទៅភ្នំគូលែន ខេត្តសៀមរាប

ស្រឡាញ់ៗពេញចិន្តា
ស្រឡាញ់ប៉ុណ្ណា​ឈឺប៉ុណ្ណឹង
ស្រឡាញ់ៗពៅព្រលឹង
ស្រឡាញ់ខ្នាញ់ខឹងប្រែមិនទៀង។​

ស្រឡាញ់ៗចាញ់ចិត្តស្នេហ៍
ស្រឡាញ់រាប់ខែ​បែរមានល្អៀង
ស្រឡាញ់់ៗដូចចម្រៀង
ស្រឡាញ់ដូចភ្លៀងធ្លាក់កក់ខែ។​

ស្រឡាញ់ៗបាញ់ចាក់ដោត
ស្រឡាញ់បញ្ឆោត​ឱ្យខកស្នេហ៍
ស្រឡាញ់ៗមិន​ថួនថែ
ស្រឡាញ់គេចកែប្រែ​ក្រឡាស់។​

ស្រឡាញ់ៗ​ចាំសន្យា
ឈឺព្រោះស្នេហាព្រោះដឹងច្បាស
ស្រឡាញ់ៗសែនខ្លាចណាស់
ចិត្តនាងប្តូរផ្លាស់ខ្ញុំ​ស្មារលា៕៚

អូរ អក្ខរាសៀមរាប ថ្ងៃសុក្រ៤រោច ខែបុស្ស នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា គ.ស ២០១៨



ភ្នំគូលេនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពី​ប្រាសាទបន្ទាយស្រី។ ភ្នំគូលេនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូង​នេះហៅថារលួស។ មានប្រាសាទប្រហែល ២០​ ត្រូវបានរកឃើញនៅលើភ្នំនេះ។

អត្ថបទដោយ ៖ វីគីភីឌា

តួនាទីរបស់អ្នកកវីនិពន្ធ

លោកគ្រូ វ៉ែន សុន

តួនាទីរបស់អ្នកកវីនិពន្ធ (ដោយលោគ្រូកវីនិពន្ធ វ៉ែន សុន)

តួនាទីរបស់អ្នកកវីនិពន្ធ
អ្នកកវីនិពន្ធគ្រប់រូប បន្ទាប់ពីយល់ច្បាស់ពីការរក«ទស្សនៈដោយឡែក»សម្រាប់ខ្លួនហើយ ចាំបាច់ត្រូវតែសិក្សាស្វែងយល់ពី «តួនាទីរបស់ខ្លួន» បន្ថែមទៀតទើបល្អ។ តួនាទីអ្នកកវីនិពន្ធស្នាដៃអក្សរសិល្ប៍មាន៣ជាសំខាន់គឺៈ
១/ បំណង
មុននឹងយើងចាប់ផ្ដើមនិពន្ធអ្វីមួយ អ្នកនិពន្ធត្រូវសួរខ្លួនឯងថា «តើអាត្មាអញសរសេរពីអ្វី?»

ឧទាហរណ៍ៈបើសរសេរពីកំណាព្យ តើសរសេរពីកំណាព្យប្រភេទមួយណា ក្នុងចំណោមកំណាព្យ
ទាំង១១ប្រភេទនោះ?
២/កម្មវត្ថុ
ចំណុចនេះ អ្នកកវីនិពន្ធត្រូវសួរខ្លួនឯងថាៈ «តើអាត្មាអញសរសេរសម្រាប់អ្នកណា? មានន័យថា
ពេលយើងសរសេរ យើងត្រូវគិតពីមុខសញ្ញាដែលត្រូវអានស្នាដៃរបស់យើង។ ( តើស្នាដៃដែល
អ្នកសរសេរនោះ សម្រាប់កុមារឫសម្រាប់មនុស្សគ្រប់វ័យ)
៣/ចរិស្នាដៃ
តើយើងជាអ្នកនិពន្ធ សរសេរអប់រំមនុស្សក្នុងសង្គមជាតិពីអ្វី? (ចំណុចនេះអ្នកកវីនិពន្ធត្រូវគិតពី
គុណធម៌អប់រំ)។

*បទពិសោធន៍ជាពិសេសដែលគួរចងចាំគឺ៖ពេលនិពន្ធ កវីនិពន្ធម្នាក់ៗត្រូវចៀសវាង " អគតិ៤យ៉ាង "
១/កុំសរសេរអ្វីទៅតាមខ្លួនស្រឡាញ់ ភ្លេចផលប្រយោជន៍ជាតិ។ មានន័យថា
កវីនិពន្ធកុំព្យាយាមធ្វើខ្លួនជាមនុស្ស "ហៃអើ" ។
២/កុំសរសេរអ្វីទៅតាមខ្លួនស្អប់ ។ ឧ. ឃើញអំពើល្អ,កុំថាអាក្រក់។
៣/កុំសរសេរអ្វីទៅតាមខ្លួនភ័យខ្លាច។ ឧ. កុំឃើញអាក្រក់ ថាល្អ។
៤/កុំសរសេរអ្វីទៅតាមខ្លួនល្ងង់។គឺត្រូវសិក្សាស្វែងយល់អំពីបញ្ហាសង្គមឱ្យ បានច្រើន។

តោះអ្នកក្រចេះ-ហេតុអ្វីខេត្ត ដាក់ឈ្មោះថា ក្រចេះ?


ទីកន្លែងជាច្រើន​នៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់​ឈ្មោះ​​ខេត្ត​​ក្រចេះ​ក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះ​មានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មាន​តែ​យើង​ទាំង​អស់​គ្នា​អាន​ប្រវត្តិ​នេះ​ទាំង​អស់​គ្នា។

Wednesday, April 25, 2018

ប្រាសាទ​ព្រហ្ម​កិល


ប្រាសាទព្រហ្មកិល(ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ អតីត ឃុំចុងកាល់ ស្រុកសំរោងចុងកាល់ ខេត្តសៀមរាប)
រូបភាពខ្ញុំ និងក្រមុំទាំងបួន ថតនៅប្រាសាទព្រហ្មកិល 

រឿង ប្រាសាទ​ព្រហ្ម​កិល (ស្រុក ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ អតីត​ខេត្ត​សៀមរាប)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១២៩ – ១៣៦

នៅឃុំចុងកាល់ ស្រុកសំរោងចុងកាល់ ខេត្តសៀមរាប មានប្រាសាទបុរាណមួយប្រាសាទនោះ មានស្រះពីរនៅក្បែរខាង តួប្រាសាទកម្ពស់ប្រហែល ៥ ម,៥០ ទំហំប្រាសាទប្រហែល ១៥ ឬ ១៦ ម៉ែត្របួនជ្រុង ខាងក្នុងប្រាសាទ មានថ្មមួយផែនដូចជាបល្ល័ង្ក ។

ប្រាសាទនោះ ហៅថាប្រាសាទព្រហ្មកិល នៅខាងជើងស្ទឹងមួយ ចម្ងាយប្រហែលជា ១៥០ ម៉ែត្រ ចំពោះប្រាសាទថ្មដែលទៀបមាត់ស្ទឹងនេះ ចាស់បុរាណបានចងចាំរឿងព្រេងមួយដូចតទៅ :

Tuesday, April 24, 2018

បានត្រឹមសោកសៅ

បទ   ៉  ព្យាង្គប្រាំបី   ៉ 


យប់រនោចប្រាំរោចបាត់ចន្ទ្រា

ទ្រូងកំព្រារងាសែនឯកា
ធ្វើម្ដេចទៅបាននៅក្បែរចន្ទថ្លា
ឱ្យរៀមរ៉ាចិន្តាបានល្ហែល្ហើយ។

បិទនេត្រាវាចាទាំងក្រៀមក្រំ
សៀងលាយឡំលាយផ្សំទុក្ខឥតស្បើ
រយសំណួរចោតសួរគ្មានចម្លើយ
ឱ! លោកអើយ ម្ដេចឡើយគ្មានមេត្ដា?

បើសិនជាវេលាអាចត្រឡប់
អ្វីគ្រប់សព្វកាយកប់ក្រោមបុព្វតា
ឱ្យបាត់សូន្យដូចក្បូនក្នុងជលសា
ឱ្យភ្លឺថ្លាចិន្ដាគ្រាឥលូវ។

ណ្ហើយចុះ អ្វីទាំងអស់ តាមវាសនា
ទោះវាចា យ៉ាងណាក៏គ្មានផ្លូវ
កម្មលិខិត​កម្រិត ហើយតម្រូវ
អ្វីដែលត្រូវ ស្រាយបាន ប្រាណគ្មានហ្មង។​

ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨
February 5, 2018
ដោយ ៖ អូរ អក្ខរា