Tuesday, January 23, 2018

ចាញ់មន្ដស្នេហ៍អូន!





ស្រីចំណាប់ ស្រាប់ចំនួន ស្ងួនស្រស់ណាស់
ឃើញភក្រ្ដច្បាស់ ដាស់បេះដូង អន្ទងនឹក
ដល់បុប្ផា ចារក្នុងចិត្ត ដិតរលឹក
ទាំងល្ងាចព្រឹក នឹកពិសី ស្រីនឹងនួន។

តើចរណៃ ថ្លៃកូនចៅ ផៅនរណា?
សូមវាចា ថ្លាថ្លែងមក ពន្លកស្ងួន
រៀមចង់ក្បែរ ថែមាសមេ រេថែថួន
បានជួបចួន នួនជីវា ណាស្នេហ៍ស្នង។

រាល់រាត្រី ស្ដីម្នាក់ឯង ថ្លែងសាសព្ទ
ប្រឹងរាយរាប់ ប្រាប់ព្រះអង្គ ផ្ចង់បន់ផ្សង
តែងភាវនា គ្រាយប់ជ្រៅ ពៅដឹងផង
ពីបំណង ចងចិត្តស្នេហ៍ ថែរយឆ្នាំ។

ស្នាមញញឹម ផ្ទឹមធម្មជាតិ ឃ្លាតម្ដេចបាន
បេះដូងច្រាន បានផុងចិត្ដ ស្និទ្ធផ្ដែផ្ដាំ
តាមស្រូវស្រែ ក្បែរចរណៃ ថ្លៃរងចាំ
ទ្រូងរងកម្ម ស្រាំយ៉ាងណា ថាមិនប្រែ៕៚

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
សៀមរាប ថ្ងៃទី ១៦ មករា ២០១៨
ម៉ោង ០៧៖៤៥នាទី យប់

អូរ អក្ខរា

Monday, January 22, 2018




ណ្ហើយ...ចុះបានត្រឹមតែគិត!​



៙សូរ្យសែងលឿងទុំរុំអាកាស

ភ្លឺច្រាល​ដេរដាសគ្រងគ្របភ្នំ
ឯនាយទិស​បូព៌ប្រែស្រទំ
ស្រគត់ស្រគំតាមវេលា។​

រីឯរូបខ្ញុំ​ក្រៀមក្រំអ្វី?
ចិត្តកាយ​ទីទៃមិនជុំគ្នា
អារម្មណ៍ហោះ​ហើរពេញមេឃា
រកក្បួនគណនា​ផ្គុំពុំត្រូវ។

បើសិនមានស្លាបនឹងហោះភ្លាម
កាត់សមុទ្ររាមគ្រាឥលូវ
យកខ្យល់ធ្វើយាន​លម្ហជាផ្លូវ
ជួបមារសត្រូវក៏ផ្តាច់ប្តូរ។

ណ្ហើយ...ចុះបានត្រឹមសញ្ជឹងគិត
រីឯងរឿងពិតឥត​អាសូរ
បេះដូង​ដាច់ដោចស្រក់ឈាមហូរ
បើ​ទួញយំ​ថ្ងូរគ្មានបានការ។

ទោះបីក្នុងទ្រូង​រឹតគ្រាគ្រាំ
មានតែស៊ូទ្រាំតាមវាសនា
ធ្វើម្តេចព្រហ្មលិខិតលោក​ចា
មានតែសោកាតាមអារម្មណ៍៕៚

ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨

៙៙@៚៚





៙សញ្ជប់សញ្ជឹងទន្ទឹងគិត 
រូបស្រស់វរមិត្រនៅនាយអាយ
សុខទុក្ខយ៉ាងណាពៅឆោមឆ្ងាយ? 
យើងឆ្ងាយតែកាយចិត្តក្បែរគ្នា។


សុរិយេទេទាបរៀបរលត់ 
ពេលអស្ដង្គតនឹកពុំងា
ដួងច័ន្ទរនោចផ្ទៃមេឃា 
បាត់ព្រះចន្ទ្រាទាំងសោកស្ដាយ។

ទាញស្លាបប៉ាកាចារអត្ថន័យ 
ចេញពីហឫទ័យផ្ញើឆោមឆាយ
ទៅនាយសមុទ្រឆ្ងាសែនឆ្ងាយ 
ពាក្យពេចន៍បរិយាយទាំងរលឹក។

ឱ! ប្រៃសណីយ៍ជាទីស្នេហា 
ជួយថែគ្រងសារឆ្លងដែនទឹក
មិនថាយប់ថ្ងៃឬល្ងាចព្រឹក 
សារផ្ញើចិត្តនឹកឆ្លងបុរី។

បើបានទទួលនិមលឆ្លើយ 
ឱ្យបងបានស្បើយហឫទ័យ
ជីវវិតបងពិតជាមានន័យ 
ចាំអូនវិលវៃរៀមរងចាំ៕៚

ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨

៙៙@៚៚




បុប្ផាជាន់ធាង


បុប្ផាដើមលៃជាប់ផ្ទៃមេឃ
ចោលក្រសែភ្នែកឃើញស្រលន

រេរាំយោលយោគដូចរូបអូន
មិនចេះស្រពោនឡើយមាសមេ។

បុប្ផាចង្កោមប្រលោមស្និទ្ធ
ទឹកផ្អែមជាប់ចិត្តអ្វីម្ល៉េះទេ
ប្រយោជន៍ក្រាស់ក្រៃលើសលប់គេ
ត្នោតមករតកកេរតំណាងខ្មែរ។

បុប្ផាជាន់ធាងរាងសមសួន
ហំហើយមាំមួនយើងថួនថែ
ដុះនៅក្រោយភូមិលម្អស្រែ
ស្ករត្នោតមិនប្រែរសផ្អែមឡើយ។

បុប្ផាផ្កាពកជ្រកក្រោមស្លឹក
ធាងរលោងសឹកក្បែរបង្កើយ
កាត់ផ្កាសំយុងបំពង់ហើយ
ព្រហាមលោកអើយទឹកហៀរហូរ។
...៚

អូរ អក្ខរា
ថ្ងៃព្រហស្បតិ៍ ខែមាឃ ព.ស.២៥៦១
សៀមរាបថ្ងៃទី ១៨ មករា ២០១៨
ម៉ោង ០៨៖៣០នាទី យប់

ខានសរសេរយូរចេះតែសរសេរទាំងខុសទាំងត្រូវ
សូមអធ្យាស្រ័យចំពោះរូបភាព