Friday, April 27, 2018

អ្នកមានគុណ



រូបភាព ពីហ្វេសប៊ុក


ចង្កៀងប្រេងកាត  ទោះមិនល្អស្អាត
ភ្លឺចែងចាំងក្តី  វាជួយបំភ្លឺ
ខ្ញុំពេលរាត្រី  ក្បែរគុម្ពឫស្សី
ក្នុងខ្ទមធ្លុះធ្លាយ។



ចង្កៀងប្រេងកាត  ខ្ញុំខំសង្វាត

ប្រើមិនខ្ជះខ្ជាយ  លុយកាក់ពុកម៉ែ
បានមកមិនងាយ  ពេលដែលចាយវាយ
 គិតដល់អ្នករក។

ខ្ទមតូចកម្សត់  ឆ្លងភាពជូរចត់
មិនដែលហ៊ានថ្ងូរ  មករៀនឆ្ងាយស្រុក
ពុកម៉ែផ្តាច់ប្តូរ  ញើសឈាមលោកហូរ
មិនត្អូញត្អែឡើយ។

ខ្ទមតូចកម្សត់  បានចារចងកត់
ប្រវត្តិខ្ញុំហើយ  ខ្ញុំមានថ្ងៃនេះ 
ក៏មិនភ្លេចឡើយ  ពុកម៉ែជាត្រើយ
ជាក្បូនចម្លង។

ខ្ញុំលើកម្រាមដប់  ដៃពីរប្រសព្វ
សូមបួងសួងផ្សង  សូមអ្នកមានគុណ
សុខ ជា ឥតហ្មង  សែនសុខកន្លង
សុភមង្គល។

អូរ អក្ខរាសៀមរាបថ្ងៃទី១១សីហា២០១៧

No comments:

Post a Comment